អុកចត្រង្គ

អុកចត្រង្គគឺជាប្រភេទ​ល្បែងក្តារដំបូង​បំផុតរបស់​កម្ពុជា ​ដែល​ត្រូវ​បាន​គេ​ស្គាល់​និង​លេងតាំងពីបុរាណកាលមក។ ពាក្យ “អុក​” ​គឺ​ត្រូវ​បាន​និយាយឡើងដោយសំលេង​ខ្លាំង​ពី​អ្នក​លេង​ ដែល​បានដើរកូនអុកដោយដាក់ជើងដើរចំក្រឡារបស់ស្តេចនៃគូរប្រកួត។ អុកចត្រង្គមានលក្ខណះស្រដៀង​​​អុកអ​ន្ដ​រ​ជាតិ​, ដែលតម្រូវ​ឱ្យ​មនុស្ស​ពីរ​នាក់​លេងតទល់​នឹង​គ្នា។ កូនចត្រង្គនោះ មានកូនចំនួន ៣២ សម្រាប់លេងដើរលើក្តារបួនជ្រុង ដែលមាន ៦៤ (ក្តារអុក) ។

បណ្តាកូនទាំង៣២នោះ មានកូន ២ហៅ ថាខុន ទុកជាស្តេចសោយរាជ្យ មានកូន ២ ហៅថា នាងទុកជាអគ្គមហេសី មានកូន ៤ ហៅថាគោលឬម៉ិត ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ហៅថាសេះ មានកូន៤ ហៅថាទូក មានកូន ១៦ហៅថាត្រី កូនទាំងអស់នោះទុកជាសេនារេហ៍ពល។

កូន ចត្រង្គទាំង ៣២ នោះគេធ្វើជាភ្លុក ស្នែង ឬ ឈើផ្សេងៗ មានឈើនាងនួន និង ដើមដៃខ្លាជាដើម តាមដែលគេមានធនធាន និងមានពេលអាចធ្វើបាន ។ ដើម្បីកុំឱ្យអ្នកលេងច្រឡំចូលគ្នា កូនចត្រង្គ ទាំង ៣២ នោះ គេធ្វើឱ្យមានពណ៌ ២ ពួក គេធ្វើឱ្យមានពណ៌ជា ២ពួក ក្នុងមួយពួកៗ មានកូនចំនួន ១៦ កូន គឺថាបើមួយពួកគេធ្វើដោយភ្លុក មួយពួកទៀតគេធ្វើដោយស្នែង បើមួយពួកគេធ្វើដោយឈើនាងនួន មួយពួកទៀតគេធ្វើដោយឈើក្រញូងជាដើម ។ ការធ្វើកូនចត្រង្គទាំងនោះ បើចង់ឱ្យបានល្អស្អាត ហើយមានរាងដូចៗគ្នា គេត្រូវធ្វើដោយគ្រឿងក្រឡឹង វៀរលែងតែសេះ ៤ ព្រោះសេះ គេក្រឡឹងពុំកើតទេគេត្រូវឆ្លាក់ដោយគ្រឿងចម្លាក់ ។ចំពោះអ្នកដែលគ្មានគ្រឿងក្រឡឹងវិញគេឆ្លាក់កូនទាំងអស់។គោលដៅតែមួួយគត់របស់ល្បែងអុក គឺ ធ្វើយ៉ាងណាអុកស្តេចរបស់សត្រូវ និង ធ្វើអោយស្តេចមិនមានក្រឡាដើរ។ ពេលចាប់ផ្តើមលេង អ្នកណាដើរមុនគឺផ្អែកលើការឯកភាពគ្នា។ នៅក្តារបន្ទាប់អ្នកចាញ់ជាទូទៅអនុញ្ញាតអោយដើរមុន។ បើល្បែងនេះស្មើរគ្នានោះត្រូវផ្អែកលើការឯកភាពគ្នាជាថ្មី។

 

untitled-1
អ្នក​លេងត្រូវ​យកកូន​ចំនួន៣២ ដែលមាន​២ពណ៌ខុស​គ្នាមកចែក​ជា២ទៅតាម​ពណ៌ដែល​អ្នកលេង​បានជ្រើស​រើសយកមក​ធ្វើជាកូន​អុក​សម្រាប់ប្រកួត ។

ការដើរកូននីមួយៗ

 

ត្រី ៖

ដើរទៅមុខមួយក្រឡា តែត្រូវស៊ីគេដោយបញ្ឈៀងទៅមុខ។ នៅពេលដែលត្រីដើរដល់ក្រឡាទី ៦ រឺ ដើរបានបីជំហាន ត្រូវបានតំឡើងឋានៈស្មើរនិងនាង ដោយក្រឡាប់កូន ហើយអាចដើរបានដូច នាង។

នាង ៖​

queen
ត្រូវដើរមួយក្រឡាបញ្ឈៀង។ ទុកប្រើសម្រាប់ធ្វើការប្រឆាំងសត្រូវ និងការពារស្តេច។ លក្ខណៈពិសេសមួយទៀតនៅការដើរដំបូង គឺអាច ដើរផ្លោះមួយក្រឡាទៅមុខ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

គោល ៖ 

ត្រូវដើរមួយក្រឡាបញ្ឈៀង ទៅទិសណាក៏បាន ឬដើរទៅមុខ។ គោលគឺជាអង្គរក្ស ការពារស្តេចដ៏សំខាន់ អាចនិយាយបានថា សំខាន់ជាងសេះទៅទៀត។

សេះ ៖ 

horse
ការដើរត្រូវផ្លោះមួយក្រឡារួចបត់ឆ្វេងឬស្តាំ អាចដើរទៅមុខ ថយក្រោយ ទៅឆ្វេង ឬ ស្តាំ។

ទូក ៖ 

boat
អាចដើរបានច្រើនក្រឡា ទៅមុខ ថយក្រោយ ទៅឆ្វេង ទៅស្តាំ តែមិនអាចផ្លោះរំលងគេបានទេ។

ស្តេច ខុន ឬ អង្គ ៖ 

king2
ការដើរម្តងបានតែមួយក្រឡា ដោយអាចដើរបានគ្រប់ទិសទាំងអស់ តែមានលក្ខណៈពិសេសនៅត្រង់ក្រឡាដើរដំបូង គឺអង្គអាចដើរបានដូចសេះមួយជើង។ ប៉ុន្តែនៅពេលណាស្តេចត្រូវបានគេដាក់អង្គ នៅជើងដំបូងមិនអាចប្រើលក្ខះពិសេសនេះបានទេ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

Leave a Reply

Your email address will not be published. Required fields are marked *